Thursday, June 3, 2021

សូមកុំស្លន់ស្លោ! បញ្ជាក់ការពិត រឿងគេកំពុងផ្អើលឱ្យទៅទិញម្ហូបដាក់ផ្ទះ មុនម៉ោង១២យប់នេះ




សូមបងប្អូនប្រជាពលរដ្ឋកុំទាន់មាន ការផ្អើលឆោរឡោរអី ក្រោយមានសារព័ត៌មានមួយផ្សាយថា រាជធានីភ្នំពេញផុតម៉ោង ១២យប់នេះ និងផ្អាកការលក់ដូរ និងបិទអាជីវកម្មគ្រប់ប្រភេទ ហើយផ្អាកបិទក្រុងរយៈពេល ១៤ថ្ងៃនោះ តាមពិតគឺជាប្រភពព័ត៌មានក្លែងក្លាយ ផ្សព្វផ្សាយដំណឹងបំពុលសង្គម ដើម្បីបង្កើតការយល់ច្រឡំ ក្នុងន័យផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ ដោយយោងតាមការចេញផ្សាយរបស់ ទំព័រហ្វេសប៊ុក ទីភ្នាក់ងារសារព័ត៌មានកម្ពុជា - AKP បានចេញផ្សាយនៅមុននេះបន្តិច។



សូមបញ្ជាក់ថា នៅយប់ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២១ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេច ផ្អាកជាបណ្តោះអាសន្ន គិតចាប់ពីម៉ោងសូន្យ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ចំពោះ៖

១. សាលារៀន រួមទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទាំងរដ្ឋ និងឯកជន លើកលែងតែសាលារៀនដែលធ្វើការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ

២. អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកាស៊ីណូ

៣. រមណីយដ្ឋាន សារមន្ទីរ និងសួនកម្សាន្តនានា

៤. អាជីវកម្មម៉ាស្សា រោងភាពយន្ត រោងសម្តែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា

ដូច្នេះបើតាមសេចក្ដីសម្រេច មានន័យថា រដ្ឋបាលរាជធានីភ្នំពេញ មិនបានបិទក្រុងនោះទេ សូមប្រជាពលរដ្ឋផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានច្បាស់លាស់មុនធ្វើការចែករំលែកបន្ត ជៀសវាងមានការយល់ច្រឡំ ៕






 

No comments:

Post a Comment