Friday, May 28, 2021

សាលាក្រុង​កំណត់​​ផ្នែក​ខ្លះ​នៃ​ខណ្ឌ​ ២ ​ជា​​តំបន់​លឿងទុំ​ ក្រោយ​​មាន​ឆ្លង​កូវីដ​ច្រើន


 ភ្នំពេញៈ រដ្ឋបាល​រាជធានីភ្នំពេញ​បាន​សម្រេច​កំណត់​ដាក់​​ផ្នែក​ខ្លះ​នៃ​ខណ្ឌ​ចំនួន​ ២ ​ជា​តំបន់​លឿងទុំ គឺ​ខណ្ឌ​ឫស្សីកែវ និង​ខណ្ឌ​ពោធិ៍សែនជ័យ​ បន្ទាប់​តំបន់​នេះ​មាន​ករណី​ឆ្លង​វីរុស​កូវីដ​ ១៩ កើនឡើង​ជាថ្មី ខណៈ​តំបន់​លឿងទុំ​ដែល​ត្រូវ​​បាន​កំណត់​កាលពី​ថ្ងៃទី​ ១៩ ​ខែឧសភា ​កន្លងមក ត្រូវបាន​បិទ​បញ្ចប់ និង​ដាក់​មកជា​តំបន់​លឿង​វិញ​។


លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​នៅ​យប់​ថ្ងៃទី​ ២៦ ខែ​ឧសភា បានចេញ​សេចក្តី​​សម្រេច​ចំនួន​ ២ ​ផ្សេងគ្នា ទាក់ទង​នឹង​ការដាក់ចេញ​នូវ​វិធានការ​កំណត់​ពណ៌​នៃ​តំបន់​ខ្លះ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

លោក​បាន​លើកឡើង​ថា​៖ «​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​​កំណត់​ផ្នែក​ខ្លះ​នៃ​ភូមិ​ផ្សារតូច​នៃ​សង្កាត់​ទួលសង្កែ​ទី​១ ​ខណ្ឌឫស្សីកែវ និង​ផ្នែក​ខ្លះ​នៃ​ភូមិ​ព្រៃទា​ ១ នៃ​សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍សែនជ័យ ដែលមាន​អត្រា​ការឆ្លង​កើនឡើង​ថ្មី ជា​តំបន់​លឿងទុំ​សម្រាប់​​រយៈពេល​ ១៤ ​ថ្ងៃ គិត​ចាប់ពី​ម៉ោង​សូន្យ នា​ថ្ងៃទី​ ២៧ ខែ​​ឧសភា រហូតដល់​ថ្ងៃទី​ ៩ ខែ​​មិថុនា ដើម្បី​ទប់ស្កាត់​ការឆ្លងរាលដាល​នៃ​ជំងឺ​កូវីដ​ ១៩»​។

លោក ឃួង ស្រេង បាន​បញ្ជាក់ថា បុគ្គល​គ្រប់រូប​ត្រូវបាន​ហាមឃាត់​មិន​ឱ្យ​ធ្វើ​ដំណើរ​ចេញពី​លំនៅឋាន ឬ​ទីសំណាក់​បច្ចុប្បន្ន​របស់​ខ្លួន​ទេ​។ ប៉ុន្តែ​ការធ្វើដំណើរ​ចេញ​ក្រៅ​អាច​ត្រូវបាន​អនុញ្ញាត​ក្នុង​​ករណី​ចាំបាច់​ដូចជា ការធ្វើដំណើរ​​ទៅ​ប្រកបមុខរបរ ឬ​អាជីវកម្ម​ ឬ​បំពេញ​ការងារ​ក្នុង​វិស័យ​ឯកជន​ដោយ​ត្រូវមាន​លិខិត​អនុញ្ញាត​​ធ្វើដំណើរ​ពី​រដ្ឋបាល​រាជធានីភ្នំពេញ និង​លិខិតបញ្ជាក់​ពី​ការងារ​។

លោក​បាន​បន្តថា អ្នករស់នៅ​​ក្នុង​ភូមិសាស្ត្រ​ដែល​កំណត់​​ជា​តំបន់​លឿងទុំ​នេះ អាចធ្វើ​ដំណើរ​ទៅកាន់​ទីកន្លែង​លក់​ម្ហូបអាហារ ឱសថស្ថាន និង​ទីកន្លែង​លក់​សម្ភារ​ប្រើប្រាស់​ចាំបាច់​ប្រចាំថ្ងៃ​បានតែ​ ២ ​នាក់​ប៉ុណ្ណោះ ក្នុង​ ១ ​លំនៅឋាន ដោយ​មិន​ឱ្យ​លើសពី ៣ ​ដង ក្នុង​ ១ ​សប្តាហ៍​ នៅក្នុង​ទីតាំង​ដែល​ជិត​បំផុត​ក្នុង​រង្វង់​ភូមិសាស្ត្រ​ដែល​ខ្លួន​រស់នៅ​។

សេចក្តី​សម្រេច​បានបញ្ជាក់​បន្ថែមថា រាល់​សកម្មភាព​ការងារ​មុខរបរ ឬ​អាជីវកម្ម​ដែល​ដំណើរការ​តាមរយៈ​ប្រព័ន្ធ​អនឡាញ​ដោយ​ត្រូវ​កាត់បន្ថយ​ចំនួន​អ្នកធ្វើការ​ឱ្យមក​នៅត្រឹម​កម្រិត​អប្បបរមា​មិនឱ្យ​លើសពី ២ ​ភាគរយ និង​ត្រូវអនុវត្ត​គោលការណ៍ អាហារ​ថ្ងៃត្រង់​នៅនឹងកន្លែង​បំពេញការងារ​។

នៅក្នុង​តំបន់​លឿងទុំ​នេះដែរ អាជ្ញាធរ​ត្រូវ​ហាមឃាត់​រាល់​ការជួបជុំ​ ឬ​ការប្រមូលផ្តុំ​មនុស្ស​​លើកលែងតែ​ការជួបជុំ​ក្នុង​​ចំណោម​សមាជិក​គ្រួសារ​ដែល​រស់​នៅក្នុង​លំនៅឋាន ឬ​ទី​សំណាក់​ជាមួយគ្នា ការរៀបចំ​ពិធី​បុណ្យសព​ដោយ​គោរព​តាម​ការកំណត់​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច ការយក​វត្ថុ​សំណាក​មក​វិភាគ​រក​មេរោគ​កូវីដ​ ១៩ និង​​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩ និង​ការជួបជុំ​របស់​បុគ្គលិក​សុខាភិបាល​ដែល​បំពេញ​ការងារ​សង្គ្រោះបន្ទាន់​ផ្សេងទៀត​ប៉ុណ្ណោះ​។

ជាមួយ​គ្នា​នេះដែរ លោក ឃួង ស្រេង បាន​លើកឡើង​ថា៖ «​រាល់​ការជួបជុំ ឬ​ការប្រមូលផ្តុំ​មនុស្ស​ដើម្បី​សេព​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ត្រូវបាន​ហាមឃាត់ ហើយ​ត្រូវ​បាន​អនុវត្ត​បម្រាម​គោចរ​នៅ​តំបន់​លឿងទុំ​នេះ​ដោយ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​រាល់​ការធ្វើ​ចរាចរណ៍ និង​រាល់​សកម្មភាព​ការងារ​មុខរបរ ឬ​អាជីវកម្ម នៅ​ចន្លោះ​ម៉ោង​ ៨ ​យប់ ដល់​ម៉ោង ៣ ​ព្រឹក លើកលែង​តែ​ក្នុង​ករណី​ចាំបាច់​ដែល​ត្រូវបាន​អនុញ្ញាត​ប៉ុណ្ណោះ​»​។

ទន្ទឹមនឹង​នេះដែរ លោក ឃួងស្រេង ក៏​បានចេញ​សេចក្តី​សម្រេច​​បិទបញ្ចប់​ការកំណត់​ភូមិសាស្ត្រ​តំបន់​លឿងទុំ​ដែល​ត្រូវ​បាន​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដាក់​​ចេញ​វិធានការ​រដ្ឋបាល​បន្ត​កាលពី​ថ្ងៃ​ទី​ ១៩ ខែឧសភា​កន្លង​មក​ឱ្យ​មកជា​តំបន់​លឿង​វិញ បន្ទាប់ពី​បាន​អនុវត្ត​វិធានការ​នានា និង​ពិនិត្យ​លើ​ស្ថានភាព​ជាក់ស្តែង​។

យោង​តាម​សេចក្តី​សម្រេច​ចេញ​កាលពី​យប់​ថ្ងៃទី​ ២៦ ខែឧសភា ​បាន​លើកឡើង​ថា​៖ «​វិធានការ​រដ្ឋបាល​ចំពោះ​ការកំណត់​ភូមិសាស្ត្រ​ជា​តំបន់​លឿង​​នេះ​ត្រូវ​អនុវត្ត​សម្រាប់​រយៈពេល​ ៧ ​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​ ២៧ ​ខែ​ឧសភា រហូតដល់​ថ្ងៃទី​ ២ ខែមិថុនា​»​។

គួរ​បញ្ជាក់ថា ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ដែល​ត្រូវបាន​ប្តូរ​មកជា តំបន់​លឿង​វិញ​នេះ​មាន​ផ្នែក​ខ្លះ​នៃ​ភូមិ​ដើម​ចន្ទន៍ (​ទីតាំងនៅ​ខាងក្រោយ​យឿត្រី​) ​នៃ​សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ​,​ ភូមិ​ ២៣ ​នៃ​សង្កាត់​បឹងកក់​ទី​២ ខណ្ឌ​ទួលគោក​, ភូមិ​ត្រពាំង​ថ្លឹង​ ១ ភូមិ​ត្រពាំង​ថ្លឹង​ ២ ភូមិ​ត្រពាំង​ថ្លឹង​ ៤ និង​ភូមិ​ទួលពង្រ​នៃ​សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍សែនជ័យ​, ផ្នែក​ខ្លះ​នៃ​ភូមិ​ចុង​ខ្សាច់ និង​ផ្នែក​ខ្លះ​នៃ​ភូមិ​បាក់ទូក​នៃ​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ​,​ ផ្នែក​ខ្លះ​នៃ​ភូមិ​៥ នៃ​សង្កាត់​ស្ទឹងមានជ័យ​ទី​២ និង​ផ្នែក​ខ្លះ​នៃ​ភូមិ​ដំណាក់​ធំ​ ២ ផ្នែក​ខ្លះ​នៃ​ភូមិ​ដំណាក់​ធំ​ ៣ និង​ផ្នែក​ខ្លះ​នៃ​ភូមិទ្រា​ ៤ ​នៃ​សង្កាត់​ស្ទឹងមានជ័យ​ទី ​៣ ខណ្ឌ​មានជ័យ​៕

No comments:

Post a Comment