Tuesday, May 25, 2021

មន្ត្រី​យោធា​ម្នាក់​ត្រូវបាន​អ្នកជំងឺ​កូវីដ ១៩ ​វាយ​សម្លាប់​ ខណៈ​កំពុង​អង្គុយ​យាម​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​

ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ករណី​វាយ​សម្លាប់មន្ត្រីយោធាម្នាក់ស្លាប់ កាលពីម្សិលមិញ។ រូបថត ប៉ូលិស

ត្បូងឃ្មុំៈ មន្ត្រី​យោធា​ម្នាក់​យាម​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ពញាក្រែក​ ត្រូវបាន​បុរស​ជាអ្នក​ជំងឺ​កូវីដ ១៩​ ញៀន​ថ្នាំញៀន​វាយ​សម្លាប់ ​កាលពី​ល្ងាច​ថ្ងៃទី ២៥ ​ឧសភា ​ក្នុង​គោល​បំណង​រត់ចេញ​ពី​មន្ទីរពេទ្យ ​ខណៈ​មន្ត្រី​យោធា​នោះ​កំពុង​អង្គុយ​យាម។ ប៉ុន្តែ​ជនសង្ស័យ​ ត្រូវបាន​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​ស្រុក​ពញាក្រែក​ចាប់​ខ្លួន​បាន​ភ្លាមៗ។​


របាយ​ការណ៍​របស់​កងរាជ​អាវុធហត្ថ​ស្រុក​ពញាក្រែក​បានឱ្យដឹង​ថា ​ជនរងគ្រោះ ​ឈ្មោះ​មាន វ៉ៃ ​អាយុ ​២៩ ឆ្នាំ ​រស់នៅ​ភូមិ​ហួចកើត​ ឃុំ​ក្រែក​ ស្រុក​ពញាក្រែក ​ជាមន្រ្តី​យោធា​ផ្នែក​សឹករង​ស្រុក​ពញាក្រែក។ ចំណែក​ ជន​សង្ស័យ ​ឈ្មោះ ​មឿន ម៉ឺន ​ អាយុ​ ៣៨ ឆ្នាំ ​មាន​ទី​លំ​នៅ​ភូមិ​ក្រពើ​សារ​ ឃុំ​ដំរិល ​ស្រុក​អូររាំងឪ ​ត្រូវបាន​ចាប់ខ្លួន​ក្រោយ​ធ្វើ​សកម្មភាព​សម្លាប់​ជន​រង​គ្រោះ។


​ប្រភព​ដដែល​បញ្ជាក់ថា ​ជន​សង្ស័យ​បានប្រើ​ដំបង ​និង​ចបកាប់​វាយចំ​សៀតផ្កា ​របស់​ជន​រងគ្រោះ​កំពុង​អង្គុយ​យាម​ម្នាក់​ឯង ​រហូត​ដល់​ស្លាប់​ដោយសារ​អំណាច​នៃ​ថ្នាំញៀន ​ខណៈ​អ្នកយាម​ដទៃទៀត​កំពុង​នៅ​ហូប​បាយ។ ជន​រងគ្រោះ​ត្រូវបាន​អង្គភាព​បញ្ជូន​ឲ្យ​ទៅ​យាម​នៅ​មន្ទីរពេទ្យ​នោះ៕

No comments:

Post a Comment