ភ្នំពេញ៖ រយៈពេល ១៧ថ្ងៃមកហើយ ដែលប្អូនថ្លៃនាយ ពាក់មី និងគ្រួសារមិនទាន់ទទួលបានការដោះស្រាយសមស្របពីសំណាក់សមត្ថកិច្ចខណ្ឌឫស្សីកែវនៅឡើយទេ ដោយកាលពីម្សិលមិញថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ អធិការដ្ឋានខណ្ឌមានអញ្ជើញឪពុកជនរងគ្រោះទៅចរចាឲ្យលុយ ៤ពាន់ដុល្លារ ប៉ុន្តែគ្រួសារជនរងគ្រោះមិនបានមានការឯកភាពទេ។
ឪពុកជនរងគ្រោះបានថ្លែងក្នុងខ្សែអាត់វីដេអូថា «គេហៅខ្ញុំទៅសម្រួល ដោយគេបានសរសេរថា ខាងភាគីរថយន្តមានសន្តានចិត្តជួយចេញថ្លៃព្យាបាលទៅភាគីម៉ូតូដែលជិះបុកជញ្ជាំងខ្លួនឯង ៤ពាន់ដុល្លារ»។ ការលើកឡើងក្នុងសំណេររបស់សមត្ថកិច្ចនោះ ធ្វើឲ្យនាយ ពាក់មី បញ្ជាក់ថា «មិនមែនជិះបុកជញ្ជាំងដោយខ្លួនឯងទេ គឺគេដេញបុក។ ខ្ញុំមិនអាចទទួលយកការចរចាបានឡើយ ឲ្យ ៤ពាន់ដុល្លារ ខ្ញុំចំណាយព្យាបាលអស់ជិត ១ម៉ឺនដុល្លារហើយហ្នឹង»។
សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ
ជាមួយគ្នានេះដែរ គួររំលឹកព័ត៌មានចាស់ផងដែរថា៖ (ភ្នំពេញ)៖ រថយន្ដម៉ាក TUNDRA ពណ៌ស ពាក់ស្លាក់លេខ 2AP-0198 ដែលបើកដេញបុកម៉ូតូប្អូនប្រុស តារាកំប្លែងនាយ ពេក មី បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរនោះ ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់បានហើយ នៅល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ខណៈដែលជនល្មើសដែលជាមន្ដ្រីនគរបាលចរាចរណ៍ បានរត់គេចខ្លួនបាត់ស្រមោល។
លោកអនុសេនីយឯក ហាក់ ប៊ុនថន នាយនគរបាលប៉ុស្ដិ៍ច្រាំងចំរេះទី២ បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះយ៉ាងដូច្នេះថា «ចំពោះរថយន្ដដែលបានបើកដេញបុកម៉ូតូប្អូនប្រុសនាយ ពែក មី បណ្ដាលឲ្យភ័យស្លន់ស្លោរទៅបុករបងទ្វារផ្ទះប្រជាពលរដ្ឋរងរបួសយ៉ាងធ្ងន់ធ្ងរនោះ ត្រូវកម្លាំងនគរបាលឃាត់បានហើយ នៅល្ងាចថ្ងៃទី២០ ខែឧសភា នៅឯគេហដ្ឋានរបស់ជនសង្ស័យ ក្នុងបុរីវិមានភ្នំពេញ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ តែម្ចាស់រថយន្ដរត់គេចខ្លួនបាត់ទៅហើយ»។
នាយនគរបាលប៉ុស្ដិ៍រូបនេះ បានបញ្ជាក់ដែរថា ជនល្មើសដែលបើករថយន្ដនោះ គឺជាមន្ដ្រីនគរបាលចរាចរណ៍ ខណ្ឌឫស្សីកែវ ហើយបានផ្លាស់ទៅបម្រើការងារនៅ ការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប៉ុន្ដែពេលនេះកម្លាំងនគរបាលជំនាញកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីតាមរកចាប់ខ្លួន។
សូមជម្រាបថា តារាកំប្លែងនាយ ពែក មី ស្នើឲ្យសមត្ថកិច្ចខណ្ឌឫស្សីកែវ និងថ្នាក់ដឹកនាំជួយអន្តរាគមន៍រកយុត្តិធម៌ ក្រោយរថយន្ដមួយគ្រឿង បើកដេញបុកប្អូនប្រុសរបស់លោក បើករថយន្ដគេចខ្លួនបាត់ស្រមោល តាំងពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ រយៈពេល៩ថ្ងៃមកហើយ នូវពុំទាន់រកឃើញជនបង្ក និងគ្មានដំណោះស្រាយសោះ។
ពាក់ព័ន្ធបញ្ហានេះ អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ថា ករណីដែលបានកើតឡើងកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ សមត្ថកិច្ចខណ្ឌឫស្សីកែវ និងប៉ុស្តិ៍នគរបាលរដ្ឋបាល បានកំពុងខិតខំជំរុញលើវិធានការជំនាញទាំងនីតិវិធី និងប្រតិបត្តិការ តាមអនុសាសន៍ដឹកនាំ និងបទបញ្ជារបស់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដូច្នេះសូមក្រុមគ្រួសារជនរងគ្រោះ ក៏ដូចសាធារណៈជនមេត្តាផ្តល់ទំនុកចិត្តលើសមត្ថកិច្ច។
លោកអនុសេនីយ៍ឯក ហាក់ ប៊ុន ថន នាយនគរបាលប៉ុស្ដិ៍ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ វ៉ាល់ សុវណ្ណមករា ហៅគី អាយុ៣២ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរលក់ដូរ ស្នាក់នៅបុរីវិមានភ្នំពេញ សង្កាត់ច្រាំងចំរេះ១ ខណ្ឌរស្សីកែវ។ រីឯជនរងគ្រោះឈ្មោះ សាលីម ហ្វាវីត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរនៅផ្ទះ៕
ដោយឡែកជាមួយគ្នានេះដែរ៖ នៅលើបណ្តាញសង្គមហ្វសប៊ុក របស់លោក ហេង ឡុងក៏បានបញ្ជាក់ផងដែរថា៖««សុំស៊ែរអោយអាមេឃាតករម្នាក់១មក លោកឯងអាងស្អី? អាមួយនេះសាហាវជាងប៉ុលពតទៀត វាសុទ្ធតែចង់យកក្បាលគេមកធ្វើកំណល់ឡានវា ចាំមើលមានអ្នកធំណាមកកាងអាមេឃាតករឯង ហើយបើអាមួយនេះរត់បាត់ គឺអជ្ញាធរអសមត្ថភាពហើយ ស្រុកខ្មែរបើមានមនុស្សបែបនេះតែពីរបីនាក់ងាប់ប្រជាជនអស់ហើយ»
No comments:
Post a Comment