Tuesday, September 4, 2018

លាហើយគ្លីនិកអប្សារាភ្នំពេញ…..សូមមាតាបិតាគ្រប់រូបអានយកជាបទពិសោធន៍ដើម្បីកុំអោយជួបសុបិន្តអាក្រក់ និងវិប្បដិសារីដូចរូបខ្ញុំ…….

ភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកដែលត្រូវជាម្តាយក្មេងរងគ្រោះឈ្មោះ Monichenda Nuon បានបង្ហោះសារថា ​យក​កូន​ប្រុស​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯក​ជន​មួយ​នៅ​ភ្នំ​ពេញ ​ត្រូវ​គ្រូពេទ្យ​នៅ​ទី​នោះ​ពិនិត្យ​ឃើញ​ជំងឺ​នេះ​​ជំងឺ​នោះ (ពេទ្យ​​ខុស​គ្នា) ​រហូត​ទុក​ឲ្យ​កូន​គាត់​កាន់​តែ​ធ្ងន់​ធ្ងរ​ ស្ទើរ​បាត់​បង់​ជីវិត។

ខ្ញុំបីកូនខ្ញុំទៅគ្លីនិកអប្សារាភ្នំពេញ លើកទីមួយពេទ្យថាក្មេងរលាកបំពង់ក ទៅលើកទីពីរ ជួបពេទ្យផ្សេងទៀតថាក្មេងអត់មានរលាកបំពង់កទេ ប៉ុន្តែមានមេរោគក្នុងពោះវៀន រួចគេក៏ប្តូរថ្នាំថ្មី ហើយពេលនោះហើយថ្នាំថ្មីនោះបានធ្វើអោយអាការៈកូនខ្ញុំកាន់តែប្រែប្រួលខ្លាំង មិនថាខ្ញុំប្រាប់អាការៈកូនខ្ញុំប្រែប្រួលយ៉ាងណា ក៏គ្រូពេទ្យម្នាក់នោះ(វ៉ាន់ សុខជា)នៅតែថាមិនអី មិនពិនិត្យឈាម ហើយថែមទាំងនិយាយបែបឌឺដងមកខ្ញុំជាម្តាយទៀត។បើគាត់ជាគ្រូពេទ្យដែលមានជំនាញពិតប្រាកដ គាត់គួរតែស្គាល់អាការៈ និងរោគសញ្ញាជម្ងឺគ្រុនឈាមច្បាស់ ក្មេងគ្រុនឈាម ទន់ខ្លួនជាងក្មេងផ្តាសាយ កូនខ្លះចេញសញ្ញា ខ្លះមិនចេញមិនគួរណាបណ្តោយអោយខ្ញុំយកកូនត្រលប់ទៅផ្ទះវិញទាំងអាការៈធ្ងន់ធ្ងរបែបនេះទេ។

ទៅលើកទីបីប៉ះពេទ្យផ្សេងទៀតប្រាប់ថាអាការៈកូនខ្ញុំស្ថិតក្នុងសភាពគ្រោះថ្នាក់មិនអាចទទួលបានទេ ត្រូវយកចេញជាបន្ទាន់។ ពុទ្ធោពេលមកដល់មន្ទីរពេទ្យគន្ធបុប្ផាភ្លាមទើបដឹងថាកូនខ្ញុំកើតជម្ងឺគ្រុនឈាមដំណាក់កាលធ្ងន់ធ្ងរផ្លាកែតបានចុះមកត្រឹមតែ១៦ គ្មានជីពចរ សន្លប់ស្តូកស្តឹង។ ជីវិតកូនខ្ញុំបានដើរដល់ផ្លូវមច្ចុរាជទៅហើយ តែសំណាងបានក្រុមវេជ្ជបណ្ឌិតមន្ទីរពេទ្យគន្ធបុប្ផាសង្រ្គោះយកមកវិញ។

ទឹកដោះម្តាយថ្លៃកូនខ្ញុំមកប៉ះចំវេនអ្នកគ្រូពេទ្យដែលមានរហស្សនាមថា ទេវតាគ្រុនឈាមប្រចាំមន្ទីរពេទ្យ និងគ្រូពេទ្យផ្សេងៗបានសង្គ្រោះជីវិតពីការបាត់បង់ដង្ហើមមកជាសះស្បើយវិញ…ក្រុមវេជ្ជបណ្ឌិតបានប្រាប់ថាកូនប្រុសខ្ញុំគឺជាកុមារមហាសំណាងមួយក្នុង១លាននាក់ ហើយពេលនេះរឿងរបស់កូនប្រុសខ្ញុំត្រូវបានខាងក្រុមគ្រូពេទ្យសូមចងក្រងជាឯកសានិងសិក្សាស្រាវជ្រាវសម្រាប់ជួយក្មេងៗដ៏ទៃទៀត។ ជាចុងក្រោយនាងខ្ញុំនិងក្រុមគ្រួសារសូមលើកម្រាមដៃដប់សូមអរគុណ🙏🙏🙏🙏🙏ដល់លោកប្រធានមន្ទីរពេទ្យ អ្នកគ្រូពេទ្យទេវតា និងក្រុមគ្រូពេទ្យទាំងអស់ដែលបានព្យាយាមព្យាបាលកូនប្រុសនាងខ្ញុំយ៉ាងយកចិត្តទុកដាក់ ប្រកបដោយវិជ្ជាជីវៈ ព្រមទាំងក្រមសីលធម៌ ហើយក៏សុំផ្តាំផ្ញើដល់មាតាបិតាទាំងអស់សូមកុំទុកចិត្តគ្លីនិកឯកជនទៀតជៀសវៀងជួបសុបិន្តអាក្រក់ដូចនាងខ្ញុំ ដែលស្ទើតែបាត់បង់កូនប្រុសជាទីស្រលាញ់ក្នុងមួយប៉ព្រិចភ្នែក។ 





No comments:

Post a Comment